ព័ត៌មានអន្តរជាតិ

ក្រុមកម្លាំងយោធា អាល្លឺម៉ង់ នាំគ្នាចាកចេញពីទឹកដី Greenland វិញហើយក្រោយ បញ្ចប់សមយុទ្ធយោធារួម

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធអាល្លឺម៉ង់ វរសេនីយ៍ទោ Peter Milevchuk បានប្រាប់ក្រុម ប្រព័ន្ធផ្សព្វផ្សាយ Funke ថា ការដាក់ពង្រាយទាហានដំបូង របស់អាល្លឺម៉ង់ចំនួន១៥នាក់ ទៅកាន់ទឹកដី Greenland បានបញ្ចប់ហើយ។

លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយសមភាគី ដាណឺម៉ាកមានទាំងវិជ្ជមាន និងគួរឲ្យកត់សំគាល់។

កាលពីថ្ងៃពុធ ប្រទេសដាណឺម៉ាក បានប្រកាសធ្វើសមយុទ្ធយោធា នៅលើកោះនេះ។ ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ បារាំង ស៊ុយអែត ន័រវេស និងចក្រភពអង់គ្លេស បាននិយាយថា ពួកគេនឹងចូលរួម ដោយម្នាក់ៗបញ្ជូនបុគ្គលិកពី១នាក់ ទៅ១៥នាក់។

កិច្ចការងារនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សា រវាងប្រទេសដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិក ដែលបានបញ្ចប់នៅក្នុងអ្វី ដែលមន្ត្រីបានពិពណ៌នាថាជា ការខ្វែងគំនិតគ្នា ជាមូលដ្ឋានរវាងរដ្ឋបាល Trump និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនជុំវិញ ទឹកដីស្វយ័តមួយនេះ។

លោក Milevchuk បាននិយាយថា ៖លទ្ធផលនៃការឈ្លបយកការណ៍នឹងត្រូវបានវិភាគនៅប៉ុន្មានថ្ងៃខាងមុខ ដោយបន្ថែមថាក្រុមអាល្លឺម៉ង់បានបញ្ចប់បេសកកម្មរបស់ខ្លួនរួចរាល់ហើយ។

គួរឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអាមេរិក Donald Trump បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីអាចចរចា ក្នុងការកាន់កាប់ Greenland ដោយទីក្រុងវ៉ាស៊ីនតោន ដែលជាគោលដៅ ដែលគាត់បានបន្តចាប់ តាំងពីអាណត្តិដំបូងរបស់គាត់មកម្ល៉េះ។

លោក Trump អះអាងថា ការទិញយកនេះ គឺមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន និងរុស្ស៊ី នៅក្នុងតំបន់អាក់ទិក ដែលជាការអះអាង ដែលត្រូវបានច្រានចោល ដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ស៊ុនលី

To Top