ព័ត៌មានអន្តរជាតិ

លោក Khamenei អះអាងថា កងកម្លាំងអ៊ីរ៉ង បានយកឈ្នះអាមេរិក ក្នុងប្រតិបត្តិការបង្ក្រាប បាតុករក្នុងប្រទេស

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូល នៃសាធារណរដ្ឋឥស្លាម លោក Ayatollah Ali Khamenei បាននិយាយថា អ៊ីរ៉ង់ បានយកឈ្នះ លើសហរដ្ឋអាមេរិក ដោយទប់ស្កាត់ការតវ៉ាដោយហិង្សា បានកើតឡើងនៅក្នុង ប្រទេសរបស់ខ្លួននាពេលថ្មីៗនេះ។

បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីចុងខែធ្នូ ជុំវិញអតិផរណាខ្ពស់ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត ប៉ុន្តែភ្លាមៗនោះបានវិវត្ត ទៅជាការតវ៉ាប្រឆាំង រដ្ឋាភិបាល កាន់តែទូលំទូលាយ ជាមួយនឹងការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យមនុស្ស រាប់រយនាក់ស្លាប់ក្នុង ចំណោមកងកម្លាំងសន្តិសុខ និងក្រុមកុប្បកម្មផង។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ដើម​សប្តាហ៍​នេះ អាជ្ញាធរ​ក្រុង​តេហរ៉ង់​ បាន​ប្រកាស​ថា​ពួកគេ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង ដោយ​ភាព​ស្ងប់ស្ងាត់​ បាន​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ធំៗ​របស់​ប្រទេស​វិញហើយ។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើ X កាលពីថ្ងៃសៅរ៍ លោក Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាមេក្លោងភាពចលាចលនេះ ខណៈពេលដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាជាពិរុទ្ធជនចម្បង។

មេដឹកនាំកំពូលរូបនេះ បានលើកឡើងដដែលថា ៖ លោក Donald Trump ខ្លួនគាត់ផ្ទាល់បានចូលរួមក្នុងការបះបោរនេះ ។ មេដឹកនាំកំពូលក៏បានទទូចដោយសំដៅ លើការសន្យារបស់ប្រធានាធិបតី អាមេរិកចំពោះក្រុមបាតុករថា ជំនួយកំពុងដំណើរការ និងការដាក់ពង្រាយនាវាចម្បាំង អាមេរិកទៅកាន់មជ្ឈិមបូព៌ានោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top