រថភ្លើងល្បឿនលឿនពីរខ្សែបុកគ្នា នៅអេស្ប៉ាញ ស្លាប់អ្នកដំណើរ២១នាក់ និងរបួសរាប់សិបនាក់ទៀត
បរទេស៖ នៅប្រទេសអេស្ប៉ាញ មានឧប្បតិហេតុរថភ្លើងល្បឿនលឿន ពីរខ្សែបុកគ្នានៅតំបន់ភាគខាងត្បូងនៃតំបន់ Andalusia ដែលបានសម្លាប់មនុស្ស ២១ នាក់ និង របួសជាង ៧០ នាក់ ដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញ គឺបានបង្ហាញការសោកស្ដាយចំពោះ “ឧប្បតិហេតុដ៏សោកសៅនេះ”។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា គ្រោះមហន្តរាយនេះបានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយគ្រឿងដែលធ្វើដំណើរពីទីក្រុង Malaga ទៅកាន់ទីក្រុង Madrid បានធ្លាក់ ផ្លូវនៅជិត Adamuz ដោយឆ្លងកាត់ផ្លូវរថភ្លើងមួយទៀត ជាកន្លែងដែលរថភ្លើង នោះបានបុកជាមួយរថភ្លើង មួយខ្សែទៀត ដែលកំពុងធ្វើដំណើរមកដល់ , នេះបើយោងតាមការបង្ហោះ របស់ប្រតិបត្តិករបណ្តាញផ្លូវដែក Adif របស់អេស្ប៉ាញ។
អ្នកនាំពាក្យប៉ូលីសម្នាក់ បានប្រាប់ AFP ថា មនុស្ស ២១ នាក់បានស្លាប់ ។ លោក Antonio Sanz មន្ត្រីសង្គ្រោះបន្ទាន់ កំពូលនៅ Andalusia បានប្រាប់សន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្ស ៧៣ នាក់បានរងរបួស។ លោកបាននិយាយថា “ស្ថានភាពនេះទំនងជានឹងឃើញ ចំនួនអ្នកស្លាប់កើនឡើងទៀត” ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន អេស្ប៉ាញ លោក Oscar Puente បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស ៣០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាបន្ទាន់ក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបន្ថែមថា អ្នករងរបួសទាំងអស់ ត្រូវបានជម្លៀស ចេញដើម្បីទទួលបានការព្យាបាល៕
ប្រែសម្រួលៈ ណៃ តុលា
