មេដឹកនាំអឺរ៉ុប វាយបកវិញ ចំពោះការប្រកាស គំរាមដាក់ពន្ធ១០ភាគរយ របស់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ង យកកោះ ហ្គ្រីនឡែន
បរទេស៖ មេដឹកនាំអឺរ៉ុបបានវាយបកវិញ ចំពោះការប្រកាស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា លោកនឹងដាក់ទណ្ឌកម្មលើប្រទេស ដែលបានដាក់ពង្រាយកងកម្លាំង យោធាមួយចំនួនតូចទៅកាន់កោះហ្គ្រីនឡែន កាលពីសប្តាហ៍មុន ខណៈដែលប្រធានាធិបតី អាមេរិករូបនេះបន្តជំរុញឱ្យទទួលបានទឹកដីអាកទិក។

យោងតាមសារព័ត៌មាន ABC news ចេញផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពន្ធគយ ១០% នឹងត្រូវបានដាក់លើទំនិញទាំងអស់ ដែលបាននាំចូលសហរដ្ឋអាមេរិក ពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់។
លោក ត្រាំ បាននិយាយថា ពន្ធគយថ្មីនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ហើយនឹងកើនឡើងដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា។ លោក ត្រាំ បាននិយាយថា វិធានការទាំងនេះនឹងនៅតែមានសុពលភាព រហូតដល់សហរដ្ឋអាមេរិក អាចទិញកោះហ្គ្រីនឡែនបាន។
កោះហ្គ្រីនឡែនគឺ ជាទឹកដីគ្រប់គ្រង ដោយខ្លួនឯង របស់ព្រះរាជាណាចក្រដាណឺម៉ាក។ លោក ត្រាំ បានលើកឡើងជាលើក ដំបូងអំពីលទ្ធភាព នៃការទទួលបានកោះ ដែលសម្បូរទៅដោយរ៉ែនៅក្នុងអាណត្តិដំបូងរបស់លោក។ យ៉ាងណាក៏ដោយ អ្នកនយោបាយដាណឺម៉ាក និងហ្គ្រីនឡែនបានបដិសេធម្តងហើយម្តងទៀតចំពោះសំណើបែបនេះ៕
ប្រែសម្រួលៈ ណៃ តុលា
