អភិបាលខេត្តពោធិ៍សាត់ ជម្រុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក៍ដូចជានៅតាមបណ្តាមូលដ្ឋានភូមិឃុំសង្កាត់ស្រុកក្រុងទូទាំងខេត្ត ត្រូវខិតខំដាំបន្លែធម្មជាតិដើម្បីកាត់បន្ថយការចំណាយ និងបង្កើនជីវភាពនៅក្នុងគ្រួសារនិងសហគមន៍
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។

ការលើកទឹកចិត្តនេះ ត្រូវបាន លោកអភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ។

ជាមួយគ្នានោះដែរ លោក ខូយ រីដា បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុង ភូមិ ឃុំ ស្រុក ថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

លើសពីនេះទៀត លោក ខូយ រីដា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវខិតខំដាំបន្លែបែបធម្មជាតិឱ្យបានច្រើន នៅតាមសហគមន៏ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិ ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំ និងមានតម្លៃសមរម្យ៕




ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
