ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី រកឃើញសាកសពម្នាក់ ក្រោយពីយន្តហោះដឹកជញ្ជូន Indonesia Air បានធ្លាក់ចូលជ្រោះកាលពីថ្ងៃសៅរ៍
បរទេស៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យបានរកឃើញ សាកសពមួយ ក្នុងការស្វែងរកមនុស្ស ១១ នាក់នៅលើយន្តហោះដែលបានធ្លាក់ខណៈពេលកំពុងទៅជិត តំបន់ភ្នំមួយនៅលើកោះ Sulawesi។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Muhammad Arif Anwar ដែលជាប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះរបស់ Makassar បាននិយាយថា សាកសពបុរសម្នាក់ត្រូវបានយកចេញពីជ្រោះមួយដែលមានជម្រៅប្រហែល ២០០ ម៉ែត្រ (៦៥៦ ហ្វីត) នៅលើជម្រាលភ្នំ Bulusaraung ជិតកម្ទេចកម្ទីយន្តហោះដែលរាយប៉ាយ។
លោក Anwar បាននិយាយថា ក្រុមនានាក៏បានរកឃើញកម្ទេចកម្ទីបន្ថែមផងដែរ រួមទាំងផ្នែកខ្លះរបស់យន្តហោះ និងកៅអីអ្នកដំណើរ ហើយបានកំណត់អត្តសញ្ញាណដោយផ្ទាល់នូវអ្វីដែលគេជឿថាជាម៉ាស៊ីនរបស់យន្តហោះ ATR 42-500 ដែលបានធ្លាក់កាលពីរសៀលថ្ងៃសៅរ៍។
យន្តហោះដែលដំណើរការ ដោយក្រុមហ៊ុនដឹកជញ្ជូនអាកាស Indonesia Air កំពុងធ្វើហោះហើរពី Yogyakarta នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី ទៅកាន់ Makassar ដែលជារដ្ឋធានី នៃខេត្ត Sulawesi ខាងត្បូង នៅពេលដែលយន្តហោះបានបាត់ពីរ៉ាដាភ្លាមៗបន្ទាប់ពីត្រូវបានណែនាំដោយការ គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
យន្តហោះនេះដឹកសមាជិកនាវិក ចំនួន៨នាក់ និងអ្នកដំណើរ៣នាក់ មកពីក្រសួងកិច្ចការសមុទ្រ និងនេសាទ ដែលនៅលើយន្តហោះនេះ ជាផ្នែកមួយ នៃបេសកកម្មឃ្លាំមើល តាមសមុទ្រតាមអាកាស៕
ប្រែសម្រួលៈ ណៃ តុលា
