ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីតាលី ៖ ការដំឡើងពន្ធ របស់អាមេរិកជុំវិញ បញ្ហាកោះ Greenland គឺជាកំហុស

រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានឲ្យដឹងថា ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក លើបណ្ដាប្រទេសអឺរ៉ុបជុំវិញបញ្ហាកោះ Greenland គឺជា “កំហុស” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមសារព័ត៌មាន Rai News របស់ប្រទេសអ៊ីតាលី លោកស្រី Meloni បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលទស្សនកិច្ចមួយ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ។ លោកស្រីបានឲ្យដឹងថា លោកស្រីបានពិភាក្សា អំពីបញ្ហានេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការណាតូ ។

ដោយកត់សម្គាល់ថា តំបន់អាកទិក គឺជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ លោកស្រី Meloni បានលើកឡើងថា នៅក្នុងបរិបទនេះ ការសម្រេចចិត្តរបស់ប្រទេសអឺរ៉ុបមួយចំនួន ក្នុងការដាក់ពង្រាយកងទ័ព ដើម្បីពង្រឹងសន្តិសុខគួរតែត្រូវបានយល់។

ការកត់សម្គាល់របស់លោកស្រី Meloni បានកើតឡើងជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០ ភាគរយចាប់ពីថ្ងៃទី ១ ខែកុម្ភៈ លើទំនិញពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់លើកោះ Greenland ហើយដំឡើងពន្ធដល់ ២៥ ភាគរយចាប់ពីដើមខែមិថុនា លុះត្រាតែមានកិច្ចព្រមព្រៀង សម្រាប់សហរដ្ឋអាមេរិកទិញទឹកដីនេះ។

Greenland ដែលជាកោះធំជាងគេបំផុត របស់ពិភពលោក គឺជាទឹកដីដែលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងប្រទេសដាណឺម៉ាក ដោយទីក្រុង Copenhagen នៅតែគ្រប់គ្រងលើគោលនយោបាយការពារជាតិ និងការបរទេស។ សហរដ្ឋអាមេរិក រក្សាមូលដ្ឋានយោធានៅលើកោះនេះ។ ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងវិញ នៅឆ្នាំ ២០២៥ លោក ត្រាំ បានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នាចង់ “ទទួលបាន” កោះ Greenlan៕
ប្រែសម្រួល ឈូក បូរ៉ា

To Top