ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៣៣.០៧០នាក់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា, សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅ សមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាព ទឹកដីស្របច្បាប់។

ជាមួយគ្នានេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួង បានកំពុងបន្តតាមដាន និងគាំទ្រដល់ការរៀបចំ បើកដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈនានានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចជា សាលាក្រុង ស្រុក ឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព៕

To Top