គណៈអភិបាលខេត្តបាត់ដំបង បន្តដឹកនាំ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
បាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កំពុងបន្តដឹកនាំ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង ដោយផ្តោតការពិភាក្សាលើប្រធានអន្តរាគមន៍សំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន និងសុខសុវត្ថិភាពសាធារណៈ។

ក្នុងសន្និបាតនោះ បានពិភាក្សាលម្អិតអំពី ការគ្រប់គ្រងបរិស្ថាន រួមមាន ការគ្រប់គ្រងសំរាម និងសំណល់រឹងរាវ ការដុតសំរាមដោយគ្មានស្តង់ដារ ការដុតព្រៃ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាបរិស្ថានធម្មជាតិ។ ជាមួយគ្នានេះ ក៏បានលើកយកបញ្ហា ការបង្កសំឡេងរំខាន ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ មកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

អង្គសន្និបាតនេះ ត្រូវបានធ្វើបទបង្ហាញ និងដឹកនាំការពិភាក្សាដោយ លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានបង្ហាញពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម វិធានការដែលបានអនុវត្តកន្លងមក និងសំណើអន្តរាគមន៍សម្រាប់ពង្រឹងការគ្រប់គ្រងបរិស្ថាន និងការកាត់បន្ថយសំឡេងរំខាននៅក្នុងឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ បង្កើនការផ្សព្វផ្សាយអប់រំសាធារណៈ និងជំរុញការចូលរួមពីសហគមន៍ ដើម្បីធានាបរិស្ថានស្អាត មានសុវត្ថិភាព និងសុខភាពល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់។
សន្និបាតបន្តនេះ ត្រូវបានចាត់ទុកថា ជាវេទិកាសំខាន់មួយសម្រាប់បង្កើនការសម្របសម្រួល និងការសហការរវាងអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តទិសដៅការងារឆ្នាំ២០២៦ ឱ្យសម្រេចបានតាមគោលដៅ និងយុទ្ធសាស្ត្រដែលរដ្ឋបាលខេត្តបានកំណត់។
អត្ថបទ៖ ច័ន្ទ វិស្សាសៈ/បាត់ដំបង/ដើមអម្ពិល
