ព័ត៌មានជាតិ

មន្ត្រីនគរបាលទេសចរណ៍ យកចិត្តទុកដាក់សម្រួលសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍បរទេសមកទស្សនាកំសាន្ត និងស្នាក់នៅខេត្តបាត់ដំបង

បាត់ដំបង៖នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មន្ត្រីនគរបាលទេសចរណ៍ខេត្តបាត់ដំបង បានយកចិត្តទុកដាក់រៀបចំ និងសម្រួលសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងភាពងាយស្រួលជូនភ្ញៀវទេសចរណ៍បរទេស ដែលបានអញ្ជើញធ្វើដំណើរមកទស្សនាកំសាន្ត និងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ការងារនេះ បានអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ កែវ សុភាព នាយការិយាល័យនគរបាលទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលទេសចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងសម្របសម្រួលដំណើរជូនភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរតាមផ្លូវទឹកពីខេត្តសៀមរាប មកទស្សនាកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង។

ការចូលរួមសកម្មរបស់មន្ត្រីនគរបាលទេសចរណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជឿជាក់ សុវត្ថិភាព និងភាពកក់ក្តៅជូនភ្ញៀវទេសចរណ៍បរទេស ស្របតាមគោលនយោបាយលើកស្ទួយវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​/បាត់ដំបង​/ដើមអម្ពិល

To Top