ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងការបង្ខិតបង្ខំណាមួយ

ប្រ៊ុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុប «ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំង នឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនឡែន។

លោក Costa បានឲ្យដឹងថា ការពិគ្រោះយោបល់របស់លោក ជាមួយរដ្ឋជាសមាជិកលើភាពតានតឹង ចុងក្រោយបំផុតលើកោះហ្គ្រីនឡែន បានបញ្ជាក់ជាថ្មីថា ប្លុកនេះនៅតែ «គាំទ្រ និងសាមគ្គីភាពជាមួយប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន»។

ដោយទទួលស្គាល់ថា ពន្ធគយ «នឹងធ្វើឱ្យខូចទំនាក់ទំនងអន្តរអាត្លង់ទិក» និងមិនស្របគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក» លោកបានគូសបញ្ជាក់ថា សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំងនឹងទម្រង់នៃការបង្ខិតបង្ខំណាមួយ។

ក្នុងន័យនេះ លោកបានបន្ថែមថា លោកនឹងកោះប្រជុំក្រុមប្រឹក្សាអឺរ៉ុបវិសាមញ្ញមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីសម្របសម្រួលបន្ថែមទៀត។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ លោក ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងយកពន្ធគយ ១០ ភាគរយចាប់ពីថ្ងៃទី ១ ខែកុម្ភៈ លើទំនិញពីប្រទេសអឺរ៉ុបចំនួន៨។

លោកបានព្រមានថាអត្រានេះ នឹងកើនឡើងដល់ ២៥ ភាគរយនៅថ្ងៃទី ១ ខែមិថុនា ហើយនឹងនៅតែមានសុពលភាព​ រហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានសម្រេច សម្រាប់ការទិញយកទាំងស្រុងនៃកោះហ្គ្រីនឡែន។ នៅថ្ងៃអាទិត្យផងដែរ កាសែត Financial Times បានរាយការណ៍ថា សហភាពអឺរ៉ុប កំពុងពិចារណាវាយប្រហារទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងពន្ធគយចំនួន ៩៣ ពាន់លានអឺរ៉ូ (១០៧.៦៨ ពាន់លានដុល្លារអាមេរិក) ឬរឹតត្បិតក្រុមហ៊ុនអាមេរិកពីទីផ្សាររបស់ប្លុក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top