ព័ត៌មានអន្តរជាតិ

ប្រទេសកាណាដា យល់ព្រមកាត់បន្ថយពន្ធ ១០០% លើការនាំចូល រថយន្តអគ្គិសនីរបស់ចិន

បរទេស៖ ដោយបំបែកខ្លួន ជាមួយសហរដ្ឋអាមេរិក ប្រទេសកាណាដាបានយល់ព្រមកាត់បន្ថយពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ជាថ្នូរនឹងការបន្ថយពន្ធលើ ផលិតផលកសិកម្មរបស់កាណាដា, នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Mark Carney បានធ្វើការប្រកាសនេះ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ ជាមួយមេដឹកនាំចិន។ លោកបាននិយាយថា នឹងមានការកំណត់ប្រចាំឆ្នាំ ដំបូងចំនួន ៤៩.០០០ គ្រឿង លើការនាំចេញរថយន្ត EV របស់ចិនចូលទៅក្នុងប្រទេសកាណាដា ក្នុងអត្រាពន្ធ ៦,១% ដែលនឹងកើនឡើង ដល់ប្រហែល ៧០.០០០ គ្រឿងក្នុងរយៈពេលប្រាំឆ្នាំ ។ លោកបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិននឹងកាត់បន្ថយពន្ធសរុប របស់ខ្លួនលើគ្រាប់ canola, ដែលជាការនាំចេញដ៏សំខាន់ របស់ប្រទេសកាណាដា ពីអត្រា ៨៤% មកត្រឹមប្រហែល ១៥%។

លោក Carney បាននិយាយទៀតថា “ទំនាក់ទំនងរបស់យើងបានរីកចម្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាមួយប្រទេសចិន។ វាអាចព្យាករណ៍បានកាន់តែច្រើន ហើយអ្នកឃើញលទ្ធផលដែលកើតចេញពីរឿងនោះ”។

ចំណែកលោក Jamieson Greer តំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកមុននេះបានប្រាប់ CNBC ថា ការសម្រេចចិត្ត​របស់ប្រទេសកាណាដា ក្នុងការអនុញ្ញាត ឲ្យការនាំចូលរថយន្ត EV របស់ចិន ក្នុងអត្រាពន្ធទាបគឺ “មានបញ្ហា” ហើយបាននិយាយថា ប្រទេសកាណាដា អាចនឹងសោកស្តាយ ចំពោះរឿងនោះក្នុងរយៈពេលវែងទៅមុខ៕
ប្រែសម្រួលៈ ណៃ តុលា

To Top