ព័ត៌មានជាតិ

នគរបាលស្រុកបាណន់ ចាប់ខ្លួនពិរុទ្ធជនជួញដូរគ្រឿងញៀនឆ្នាំ២០២០ តាមដីកាតុលាការ នៅឆ្នាំ២០២៦

បាត់ដំបង៖ ពិរុទ្ធជនម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់ ចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១៥ និង ១០ នាទី នៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងស្របតាមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ ដោយបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង។

ពិរុទ្ធជនឈ្មោះ ធឿន ថង ហៅ ចាវ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រែតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបាណន់ បានរៀបចំបញ្ជូនពិរុទ្ធជនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
អត្ថបទ​៖ ច័ន្ទ​ វិស្សាសៈ​/បាត់ដំបង​/ដើមអម្ពិល

To Top