បទវិភាគ ៖ ទិសដៅ នៃ”ទំនាក់ទំនងភាព ជាដៃគូចំនួន ៤ “ជំរុញឱ្យទំនាក់ទំនង រវាងចិន និងកាណាដា ឈានចូលដំណាក់កាល អភិវឌ្ឍន៍ថ្មី
“ចិននិងកាណាដាពួតដៃគ្នា កសាងទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្របែបថ្មី វានឹងផ្តល់សុខសុភមង្គល និងផលប្រយោជន៍ ដល់ប្រទេសទាំងពីរ និងសកលលោក ។ ល ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច របស់លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ។ នេះគឺជាដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសចិន ម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល ៨ ឆ្នាំ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាដោយលើកឡើងថា ភាគីទាំងពីរត្រូវធ្វើជាដៃគូដែលគោរពគ្នាទៅវិញទៅមក ដៃគូដែលរួមគ្នាអភិវឌ្ឍ ដៃគូដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងជាដៃគូដែលសម្របសម្រួល និងសហការគ្នា ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ទំនាក់ទំនងទ្វេភាគី ក្នុងការត្រួសត្រាយអនាគតថ្មី ។ ភាគីទាំងពីរបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចជំនួបរវាងថ្នាក់ដឹកនាំចិន និងកាណាដា» ដោយឯកភាពគ្នាថា នឹងជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្របែបថ្មីរវាងចិន និងកាណាដា ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Mark Carney លើកនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានលើកឡើង នូវទិសដៅ នៃ”ទំនាក់ទំនងភាព ជាដៃគូចំនួន ៤ “ដែលបានតម្រង់ទិសដៅឱ្យចិន និងកាណាដាដើម្បីកសាងទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្របែបថ្មី ដោយផ្តោតលើវិស័យនយោបាយ អភិវឌ្ឍន៍ វប្បធម៌មនុស្សជាតិ និងពហុភាគី ដោយឡែកពីគ្នា ។ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានថ្លែងថា ភាគីកាណាដារីករាយ ធ្វើការជាមួយភាគីចិន ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្របែបថ្មី ដ៏ខ្លាំងក្លានិងប្រកបដោយនិរន្តរភាព ក្នុងន័យនាំមកនូវសុភមង្គល និងផលប្រយោជន៍កាន់តែច្រើន ជូនដល់ប្រជាជន នៃប្រទេសទាំងពីរ ។ នៅជំហានបន្ទាប់ តើប្រទេសចិន និងកាណាដា នឹងជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យទទួលការអភិវឌ្ឍ ប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងនិរន្តរភាព តាមរបៀបណា ?
ការកសាងទំនុកចិត្តខាងនយោបាយគឺជាបញ្ហាស្នូល ។ នាយករដ្ឋមន្ត្រី កាណាដាលោក Mark Carney បានរំលឹកឡើងវិញ នូវការប្រកាន់ខ្ជាប់គោលនយោបាយចិន មួយ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរ បានសន្យាថា នឹងធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្របែបថ្មីរវាងចិននិងកាណាដាដោយប្រកាន់ខ្ជាប់ស្មារតី គោរពគ្នាទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។
ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ គឺជាកម្លាំងចលករ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mark Carney លើកនេះ ភាគីទាំងពីរ ចិននិងកាណាដា បានពង្រីកនិងពង្រឹង កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម ថាមពល កសិកម្មនិងហិរញ្ញវត្ថុ ជាដើមដែលបានបំពេញបន្ថែមនូវកម្លាំង ចលករថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកផងដែរ ។ ប្រការ ដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរ បានចុះហត្ថលេខាលើ«ផែនទីបង្ហាញផ្លូវ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មចិន-កាណាដា»ដែលជាឯកសារសហប្រតិបត្តិការ កម្រិតខ្ពស់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនយន្តការ គណកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចិន-កាណាដា និងពង្រឹងនិងពង្រីកដោយគ្រប់ជ្រុងជ្រោយ នូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មលើគ្រប់វិស័យ ។
ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនគឺជាមូលដ្ឋានគ្រឹះ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mark Carney នៅប្រទេសចិន ភាគីទាំងពីរបានសម្រេចចិត្តចាប់ដំណើរការឡើងវិញ នូវគណៈកម្មាធិការចម្រុះស្តីពីវប្បធម៌ចិន-កាណាដា ដើម្បីខិតខំប្រឹងប្រែងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាវប្បធម៌ ការអប់រំ សិល្បៈ សម្បតិ្តបេតិកភ័ណ្ឌវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតថ្មីដើម្បីផ្តល់ភាពងាយស្រួល កាន់តែច្រើនសម្រាប់ការប្រាស្រ័យទាក់ទងរវាងប្រជាជន នៃប្រទេសទាំងពីរ ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Mark Carney លើកនេះ ភាគីចិនបានថ្លែងថា រីករាយបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលជាមួយភាគី កាណាដា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ប្រទេសG ២០ និងអង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិកជាដើម ដើម្បីរួមគ្នាឆ្លើយតប នឹងបញ្ហាប្រឈមសកល ។ ដោយឡែកភាគីកាណាដា បានវាយតម្លៃយ៉ាងខ្ពស់ ចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ហើយរីករាយធ្វើការជាមួយភាគីចិន ដើម្បីធ្វើឱ្យកិច្ចសម្របសម្រួល ពហុភាគីមានភាពជិតស្និទ្ធ គាំពារពហុភាគីនិយមនិងកិត្យានុភាព របស់អង្គការសហប្រជាជាតិ ក៏ដូចជារួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ។
ឈរលើការចាប់ផ្តើមថ្មី បើសិនជាចាត់ទុកទិសដៅនៃ”ទំនាក់ទំនងភាពជាដៃគូទាំង ៤ “ជាការណែនាំ បង្កើនការកសាងទំនុកចិត្ត លុបបំបាត់ឧបសគ្គនិងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ នោះចិននិងកាណាដាក៏អាចជំរុញទំនាក់ទំនង ទេ្វភាគីឱ្យទទួលការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។ ប្រការនេះមិនត្រឹម តែសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់សន្តិភាពនិងស្ថិរភាព ក៏ដូចជាការអភិវឌ្ឍ និងវិបុលភាពនៃពិភពលោកផងដែរ ៕
