អាមេរិក កំពុងធ្វើចារកម្មឃ្លាំមើល មូលដ្ឋានទ័ព របស់ដាណឺម៉ាក ទាំងឡាយ ដែលស្ថិតនៅលើកោះ Greenland
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Berlingske បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ឯកសារ របស់ក្រសួងការពារជាតិថា កងទ័ពអាមេរិក បានស្វែងរកការស៊ើបការណ៍ សម្ងាត់លើការដំឡើងយោធាសំខាន់ៗ របស់ដាណឺម៉ាក អាកាសយានដ្ឋាន និងកំពង់ផែនៅ Greenland ដែលអាចត្រូវបានប្រើ សម្រាប់ការលុកលុយកោះនេះ។
យោងតាមប្រភពដដែល បានបញ្ជាក់ទៀតថាជនជាតិ អាមេរិកបាន នឹងកំពុងប្រមូលព័ត៌មាន រសើបអំពីទីតាំងយោធាយុទ្ធសាស្ត្រនៅលើទឹកដី អាកទិកស្វយ័តរបស់ដាណឺម៉ាក ដោយបំពានលើកិច្ចព្រមព្រៀង ទ្វេភាគីដែលមានស្រាប់រវាងទីក្រុង Copenhagen និងក្រុង Washington។
ព័ត៌មាននេះកើតឡើងចំពេល ដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានកំពុងតែខិតខំប្រឹងប្រែង ដើម្បីអះអាងការគ្រប់គ្រងលើកោះដ៏ធំបំផុត របស់ពិភពលោក ដែលសម្បូរទៅដោយសារធាតុរ៉ែ ប៉ុន្តែមានប្រជាជនត្រឹមតែ ៥៦០០០នាក់ប៉ុណ្ណោះ។
លោក Trump លើកឡើងថា Greenland មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងរុស្ស៊ី និងចិននៅតំបន់អាក់ទិក ដែលជាការអះអាងមួយ ដែលត្រូវបានបដិសេធដោយទីក្រុង Copenhagen ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។
គួរឲ្យដឹងដែរថាគំនិតផ្តួចផ្តើម របស់លោក Trump បានបង្កើតការប្រេះឆា រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូអឺរ៉ុប របស់ខ្លួន ដែលបានបដិសេធការផ្លាស់ប្តូរ ណាមួយចំពោះស្ថានភាពរបស់ Greenland ។ ពួកគេព្រមានថា អាមេរិកកំពុងបំផ្លាញ ច្បាប់អន្តរជាតិ និងឯកភាពនៃប្លុកយោធា ៕
ប្រែសម្រួល៖ស៊ុនលី
