ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ ការពង្រឹងការអាន ការសរសេរភាសាខ្មែរ តាំងពីកម្រិតថ្នាក់ដំបូង ជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យកមុខវិជ្ជា ដទៃទៀតមកសិក្សា

សៀមរាប ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យកមុខវិជ្ជា ដទៃទៀតមកសិក្សា និងធានាភាពជោគជ័យ ក្នុងការសិក្សា នៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។

ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាង សកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ ដ៏មុតស្រួចបំផុតមួយ សម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេស អ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាព ការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិន ដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀន សូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាព ប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការ ពិតអំពីសមត្ថភាព ពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែង សិក្សារៀនសូត្រ និង ពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀម ខ្លួនក្នុងការប្រឡង ប្រណាំងនានាក្នុងពេលខាងមុខ៕

To Top