ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ជួប​សំណេះសំណាល​និងដឹកនាំ​​ នាយទាហាន​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត​​ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស ​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ លោក​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​។

ក្រោម​ស្មារតី​មនុស្សធម៌​ នាព្រឹកថ្ងៃទី១៩​ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ​​ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមការងារ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ​និងក្រុមការងារកាកបាទក្រហម រួមទាំងបងប្អូនសប្បុរសជននានាដែលតែងឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម​ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងកម្មវិធីបរិច្ចាកឈាមដោយស្ម័កចិត្តនេះដែរ ប្រព្រឹត្តទៅដោយមានការសហការពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត​កំពង់ស្ពឺ​ ដោយមានអ្នកចូលរួមបរិច្ចាកឈាមសរុបចំនួន១២៥នាក់។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​ មេបញ្ជាការ​ ក៏បានលើកឡើងថា​ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ ហើយនឹងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក(យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន និងបានបន្តទៀតថា យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង​។ហើយពេលនេះគឺជាលើកទី៣ហើយ ដែល​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​​​ បាន​ដឹកនាំ​ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម​ផងដែរ។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ ក៏បានថ្លែងអំណរអរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត​កំពង់ស្ពឺ​​​ និង​ក្រុមការងារ​ ព្រមទាំង​បាន​កោតសរសើរ​ដល់​ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ទាំងអស់​ដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ៕

To Top