ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យកចិត្តទុកដាក់គ្រប់បែបយ៉ាងលើជនភៀសសឹក

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើជនភៀសសឹកគ្រប់បែបយ៉ាង ទាំងជនភៀសបានត្រឡប់ទៅកាន់លំនៅឋាន និងកំពុងរស់នៅជំរំសុវត្ថិភាព ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តនីមួយៗ ។

លោកថា “ពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រក ឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ (ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់ក្រក ជាដើម) ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង” ។

លោកបន្ថែមថា គ្រឿងឧបភោគបរិភោគ និងសេវាទាំងអស់នេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជនពីគ្រប់ទិសទី។ លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់សេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ។ ក្នុងនោះ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនា ក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តួមពីសំណាក់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ថែមទៀត ។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ចំពោះភៀសសឹកមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។

ចំណែក ពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ៕

To Top