ឯកអគ្គរាជទូតកម្ពុជាថ្លែងអំណរគុណស៊ែប៊ី ផ្តល់ជំនួយ៥០ម៉ឺនដុល្លារ ជួយជនភៀសសឹកកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងអំណរគុណរដ្ឋាភិបាលស៊ែប៊ី បានផ្តល់ជំនួយមនុស្សធម៌៥០ម៉ឺនដុល្លារជួយប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកក្នុងពេលរត់គេចចេញពីសង្គ្រាមឈ្លានរបស់យោធាថៃ ទៅរកកន្លែងសុវត្ថិភាពនាពេលកន្លងមក ។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Nemanja Grbic ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ែប៊ី ប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតស៊ែប៊ី ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលស៊ែប៊ី ដែលបានផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹកកម្ពុជា ជាទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារ តាមរយៈក្រសួងការបរទេសកម្ពុជា នាពេលថ្មីៗកន្លងមកនេះ ។
បន្ថែមពីនេះ ឯកអគ្គរាជទូតក៏បាន ជម្រាបលោក Nemanja Grbic អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

ជាមួយគ្នានេះ ភាគីទាំងពីរបានធ្វើការពិភាក្សា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងស្ថានតំណាង នៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបេសកកម្មការទូត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ៕
