ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ កងទ័ព កងពលតូចអន្តរាគមន៍លេខ៤ កំពុងឈរជើង ការពារបូរណភាពទឹកដី នៅទិសទី៣ ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ព ធ្វើដំណើរទៅកាន់សមរភូមិមុខ ជាលើកទី១៣ ដើម្បីចុះសួរសុខទុក្ខ និងសម្តែងការគោរពដឹងគុណ ចំពោះវីរៈភាពរបស់បងប្អូនកងទ័ព កងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ស្ថិតនៅទិសទី៣ នាខេត្តឧត្តរមានជ័យ។

ក្នងដំណើរនេះដែរ លោកស្រី ចាយ ច័ន្ទរ៉ានី និង ក្រុមការងារកងពល បានរៀបចំធ្វើស៊ុបមី ស៊ុបគុយទាវ ក្តៅៗ ដោយផ្ទាល់ដៃ ដ៏មានឱជារស ជូនដល់បងប្អូនកងទ័ព កងពលតូចអន្តរាគមន៍លេខ៤ ពិសានាពេលព្រឹកព្រលឹម រួមទាំងកាហ្វេ និងភេសជ្ជៈថែមទៀតផង ។ ក្រៅពីអាហារដែលឆ្អិនស្រាប់ទាំងនោះ លោកជំទាវ ក៏បាននាំយកគ្រឿងឧបភោគបរិភោគនិងស្បៀងបម្រុងជាច្រើនរួមមានសាច់គោ សាច់ជ្រូក គោងៀត និងបន្លែស្រស់ៗជាច្រើនមុខជូនវីរៈកងទ័ពជួរមុខយើង។

សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់ លោកស្រី ភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវ “ទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត” និង “ស្មារតីស្នេហាជាតិដ៏មោះមុត”។ ក្នុងនាមជាស្ត្រីដែលនៅពីក្រោយខ្នងនៃភាពជោគជ័យ និងជាបង្គោលគ្រួសាររបស់មេទ័ព លោកជំទាវបានបង្ហាញថា ការការពារជាតិ មិនមែនជាភារកិច្ចរបស់អ្នកកាន់អាវុធតែម្យ៉ាងនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរួម របស់អ្នក ដែលនៅជួរក្រោយក្នុងការផ្ដល់នូវកម្លាំងចិត្ត និងការគាំទ្រផ្នែកស្មារតី។

រាល់ការរៀបចំស៊ុបក្ដៅៗមួយវែក និងការផ្ដល់ជូនសាច់បង្ការបន្លែបង្ការទាំងនេះ គឺជាសារដាស់តឿនយ៉ាងកក់ក្ដៅថា៖ «បងប្អូនកងទ័ពមិនដែលនៅឯកោឡើយ» ។

ទឹកចិត្តលះបង់របស់លោកស្រី ចាយ ច័ន្ទរ៉ានី ដែលមិនខ្លាចភាពនឿយហត់ ក្នុងដំណើរទៅកាន់តំបន់ដាច់ស្រយាល គឺជាគំរូនៃសាមគ្គីភាពជាតិ ដែលជួយពង្រឹងសតិអារម្មណ៍កងទ័ពឱ្យកាន់តែរឹងមាំ ហ៊ានពលីគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី។ នេះហើយគឺជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ដែលកើតចេញពីបេះដូងស្ត្រីខ្មែរ ចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ៕










