លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ខិតខំយ៉ាងខ្លាំង ផ្នែកការទូត ដោះស្រាយជម្លោះព្រំដែន
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំង ផ្នែកនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ការដោះស្រាយជម្លោះព្រំដែន ជាមួយប្រទេសថៃ គឺធ្វើឡើងតាមរយៈយន្តការច្បាប់ និងការទូតដោយសន្តិវិធី តាមស្មារតីនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងផ្សេងទៀត ដែលបានធ្វើកាលពីពេលកន្លងទៅ។
លោកបន្តថា “កម្ពុជាបន្តការតវ៉ាយ៉ាងខ្លាំងប្រឆាំងរាល់សកម្មភាព រំលោភបំពានរបស់យោធាថៃ នៅតាមព្រំដែនក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែន មិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក ។
ដោយកម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលមិនអាចធ្វើសម្បទានបាន៕
