លោក ឃួង ស្រេង ឱ្យអាជីវករស្ងប់ចិត្ត និងទទួលយកជម្រើស សមរម្យណាមួយ ដែលអាជ្ញាធរសម្របសម្រួលជូន ប៉ុន្ដែហាមដាច់ខាត លក់លើដងផ្លូវ និងចិញ្ចើមផ្លូវ សាធារណៈ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយក នូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរ បានព្យាយាមសម្របសម្រួលជូន ក៏ប៉ុន្ដែហាមដាច់ខាត មិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ ។

តបតាមសំណូមពររបស់អាជីវករ ដែលបានមកជួបសំណេះសំណាល ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកអភិបាល បានដឹកនាំក្រុមការងារចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែម ជាមួយម្ចាស់ផ្សារឯកជនមួយ ដែលមានឈ្មោះថា “ផ្សារតាម៉ាប់ព្រែកជ្រៃ” ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់បងប្អូន ដែលចង់ផ្លាស់ប្ដូរពីការលក់ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ ។

ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ លោកអភិបាលរាជធានិភ្នំពេញ បានពិភាក្សាដោយមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាព តាមលក្ខខណ្ឌមួយចំនួន ។

ជាមួយគ្នានេះដែរ លោកអភិបាលរាជធានីភ្នំពេញ បានផ្តល់ការធានាអះអាង ក្នុងការជួយរៀបចំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន នៅជុំវិញផ្សារ “តាម៉ាប់ព្រែកជ្រៃ” រួមមាន៖
១.ធ្វើការជួសជុលផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺ សាធារណៈតាមដងផ្លូវ ២១៧។
២. សហការជាមួយម្ចាស់ផ្សារ តំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ.
៣. ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឱ្យម្ចាស់ផ្សារ រៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ។
៤. ផ្តល់ការអនុគ្រោះលើកលែងថ្លៃចាក់សំរាម នៅទីលានរយៈពេល១ឆ្នាំ ដោយម្ចាស់ផ្សារត្រូវធានាមិនយក កម្រៃអនាម័យពីអ្នកលក់ដូរ ។

បន្ថែមលើនេះ លោកអភិបាលរាជធានីភ្នំពេញ សូមបងប្អូនអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយកនូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរ បានព្យាយាមសម្របសម្រួលជូនហើយបងប្អូន អាចមានជម្រើសទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ ក៏បានប៉ុន្ដែហាមដាច់ខាត មិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ។

លោក ឃួង ស្រេង បន្តទៀតថា អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរ លើដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ១៧លាននាក់៕ ដោយ៖ ដារាត់| ដើមអម្ពិល





