ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំប្រជុំរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារគម្រោង “ភូមិគំរូចលនាភូមិថ្មី” និងពិភាក្សា លើគម្រោងសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ សហគមន៍ នៅក្នុងខេត្តតាកែវ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារគម្រោង “ភូមិគំរូចលនាភូមិថ្មី” សម្រេចបានក្នុងរយៈពេល ០៥ឆ្នាំកន្លងមក (២០២២-២០២៦)។

គម្រោងនេះ បានអនុវត្តនៅក្នុងភូមិចំនួន ៤ នៅក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង កែលម្អជីវភាពរបស់សហគមន៍, អភិវឌ្ឍសមត្ថភាព និងភាពអង់អាចរបស់សហគមន៍, បង្កើតបរិយាកាសរស់នៅល្អ, បង្កើតគំរូសហគមន៍ឱ្យក្លាយជាថ្នាលបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរផ្នត់គំនិត ។

ជាមួយគ្នានោះផងដែរ អង្គប្រជុំបានពិនិត្យលើគម្រោងសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា នៅក្នុងខេត្តតាកែវ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេស ព្រមទាំងប្រធានទីប្រឹក្សាគ្រប់គ្រងគម្រោង និងតំណាងក្រុមហ៊ុនទទួលការសាងសង់ផងដែរ។

សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងសាងសាង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា នៅលើផ្ទៃដីទំហំសរុប ៨៦ ៤៨៨ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

គម្រោងសាងសង់មជ្ឈមណ្ឌលនេះ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ អាគាររដ្ឋបាលសម្រាប់ការបំពេញការងារ, អាគារស្នាក់នៅ, ចំណតរថយន្ដឡាន, កសិដ្ឋានដាំដុះ, កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងមានហេដ្ឋារចនា សម្ព័ន្ធផ្សេងៗទៀតជាច្រើន។ គម្រោង “ការបង្កើតមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា” ជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ(K R C) ក្រោមកិច្ចសហការ និងការសម្របសម្រួល ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ គោលបំណងនៃគម្រោងគឺ ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង និងកែលម្អស្ថានភាពរស់នៅរបស់សហគមន៍។ ការកសាងសមត្ថភាពធន់របស់សហគមន៍ តាមរយៈការអភិវឌ្ឍធនធានមនុស្ស រួមមានបច្ចេកទេស និងជំនាញទាក់ទងនឹងអាជីវកម្មកសិកម្ម បច្ចេកវិទ្យាកសិកម្មជឿនលឿន រួមទាំងការអនុវត្តកសិកម្មល្អ (CamGAP) ដោយមានការលើកទឹកចិត្ត ការចូលរួមរបស់ស្ដ្រី ការបង្កើតកសិដ្ឋាន ដំណាំសរីរាង្គចម្រុះដើម្បីបង្កើនការអនុវត្តកសិកម្មជាដើម ៕

To Top