បណ្ឌិត កៅ ថាច ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព គ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល សម្រេចរៀបចំនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះឡើង ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ កម្មវិធីនេះបានបែងចែកចេញជា ៣ ផ្នែក រួមមាន៖ ១) កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លីទៅមធ្យម, ២) កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ ស្មុគស្មាញ និងអន្តរវិស័យ, និង ៣) កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ។






