រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយ
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានចរិតចោទប្រកាន់មូលបង្កាច់ដល់អាជ្ញាធរជាសាធារណៈ។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦៤របស់រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបង្ការ និងបង្ក្រាបឱ្យបានហ្មត់ចត់រាល់សកម្មភាព និងទង្វើប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរក្នុងសង្គម ជាពិសេសព័ត៌មានមិនពិតតាមរយៈបណ្ដាញសង្គម និងចលនាផ្សេងៗទៀតនៅក្នុងប្រទេស។
លោកឧបនាយករដ្ឋមន្រ្តី ណែនាំដល់រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់នានាទាំងឡាយ ជាពិសេសនៅក្នុងមូលដ្ឋានរៀងៗខ្លួន និងឆ្លើយតបឱ្យបានឆាប់រហ័ស បង្កើតយន្តការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវមានក្រុមការងារជំនាញតាមដានត្រួតពិនិត្យ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានចរិតចោទប្រកាន់មូលបង្កាច់ដល់អាជ្ញាធរជាសាធារណៈ ទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធត្រូវបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបដើម្បីកុំឱ្យអ្នកនយោបាយប្រឆាំងប្រើប្រាស់ព័ត៌មានមិនពិតជាឧបករណ៍ដើម្បីឃោសនាបង្កើនប្រជាប្រិយភាពរបស់ខ្លួន៕
