រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ (រង្វង់មូលដៃប្រាំបី) និងរាប់បាត្រឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា
ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែន ខេត្តឧត្តរមានជ័យ ដែលនឹងប្រព្រឹត្តទៅ វេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណអតីតរង្វង់មូលដៃប្រាំបី ក្រុងសំរោង។
ពិធីនេះនឹងមាន ការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលខេត្តឧត្តរមានជ័យ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវ ជាតិលេខ៦៨ (ចាប់ពីចំណុចបង្គោលប៉ាណូត្រង់ភោជំនីយដ្ឋានយ៉ាណែត ដល់ចំណុចភោជនីយដ្ឋានរ៉េតចិន្តា និង ចាប់ពីទីតាំងជុំវិញបរិវេណប្រារព្ធពិធីកំណាត់ផ្លូវជាតិលេខ៥៦រហូតដល់ផ្លូវបំបែកមុខផ្សារសំរោង) ដោយមិនអនុញ្ញាត ឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលា ម៉ោង ៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦៨ ត្រង់អតីត បរិវេណរង្វង់មូលដៃប្រាំបី និងផ្លូវជាតិលេខ៥៦ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរ ឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រដ្ឋបាលក្រុងសំរោង និងសមត្ថិកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។



