កម្ពុជា ផ្តួចផ្តើមសកម្មភាពជាតិ ក្នុងការលុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់ ក្នុងខ្សែចង្វាក់ផលិតកម្ម វាយនភណ្ឌ និងសំណង់
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការ ជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាប្រកាសចាប់ ផ្តើមអនុវត្តគម្រោងពេញលេញ នៃកម្មវិធីកុមារសកល ស្តីពី «ការ លុបបំបាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យវាយនភណ្ឌ និងសំណង់ » ក្រោមជំនួយហិរញ្ញវត្ថុ ពីមូលនិធិបរិស្ថានសកល (GEF)។

ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ សមាគម និងវិស័យឯកជនពាក់ព័ន្ធចូលរួមប្រមាណ៥០នាក់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ថ្លែងទៅកាន់អង្គសិក្ខាសាលា លោក ដាញ់ សេរី បានគូសបញ្ជាក់ឱ្យដឹងថា ភពផែនដីរបស់យើងកំពុង ជួបប្រទះនឹងវិបត្តិបរិស្ថានធំៗ ចំនួនបី គឺ បញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និង ការបំពុល។ ការបំពុលបានបង្កផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ដល់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ហើយវាក៏ជាកាតាលីករជំរុញ ឱ្យមាននូវការបាត់បង់ ជីវចម្រុះ និងការប្រែប្រួល អាកាសធាតុ។ ជាសកល រៀងរាល់ឆ្នាំ ការបំពុលដោយសារធាតុគីមីគ្រោះថ្នាក់បានសម្លាប់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៦នាក់។

វិស័យវាយនភណ្ឌ និងសំណង់ បានរួមចំណែកបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់ នូវសារធាតុគីមីគ្រោះថ្នាក់ក្នុង ខ្សែចង្វាក់ផលិតកម្ម ដូចជា សារធាតុអាបេស្តូស បារត ពពួកសារធាតុគីមីសំយោគជាច្រើនប្រភេទ ជាពិសេស ពពួក សារធាតុ បំពុល សរីរាង្គ មិន ងាយ បំបែក ធាតុ (POPs) ព្រមទាំងការបញ្ចេញសំណល់ និងឧស្ម័នផ្ទះកញ្ចក់ (GHGs) ពីខ្សែចង្វាក់ផលិតកម្ម ។
តាមរយៈការអនុវត្តគម្រោងនេះ នឹងចូលរួមក្នុងការអនុវត្តគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាល សំដៅការពារ សុខភាព សាធារណៈ និងបរិស្ថាន ព្រមទាំងធានា និងរក្សា បាន នូវភាពប្រកួតប្រជែង របស់វិស័យទាំងពីរនេះ នៅលើទីផ្សារ សកល។ ជាមួយគ្នានេះ គម្រោងនេះ នឹងទាក់ទាញនូវការ វិនិយោគ ជំរុញនូវនវានុវត្តន៍ បង្កើតឱកាស សេដ្ឋកិច្ចថ្មី ដែលងាក ទៅរកខ្សែចង្វាក់ផលិតកម្ម ប្រកបដោយ ចីរភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ និង សំណល់ គ្រោះ ថ្នាក់៕
