សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយ ថ្នាក់បណ្ឌិត (Final Defense of PhD Dissertation) របស់បេក្ខជនបណ្ឌិត” ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន
ភ្នំពេញ ៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ការពារបញ្ចប់ បរិមាធិប្បាយ ថ្នាក់បណ្ឌិត (Final Defense of PhD Dissertation)” ជំនាញរដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ និង គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ចូលរួមប្រមាណជាង ៨០០នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ សាកលវិទ្យាល័យ បាននិងកំពុងបណ្តុះបណ្តាលកម្រិតបណ្ឌិតបានចំនួន ១០២នាក់ ក្នុងនោះ៖ ១៨នាក់ បានបញ្ចប់ដោយជោគជ័យ, ៧២នាក់ បានរៀនចប់និងកំពុងសរសេរនិក្ខេបបទ, និង ១២នាក់ កំពុងសិក្សាថ្នាក់បណ្ឌិត ។

លោក បានបញ្ជាក់ថា ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតជាប់ជាស្ថាពរ និស្សិតទាំងអស់ត្រូវ៖
១-សិក្សា ១២មុខវិជ្ជា (12 Subjects) ស្មើនឹង ៣៦ក្រេឌីត
២-ស្នើសុំការឯកភាពលើ សាស្ត្រាចារ្យណែនាំ (Supervisor)
៣-ស្នើសុំការឯកភាពលើ ប្រធានបទស្រាវជ្រាវ (Research Topic)
៤-រៀបចំ និងការពារគម្រោងស្រាវជ្រាវ (Proposal Defense)
៥-ត្រូវបង្ហាញ និងការពារអំពីការរីកចម្រើននៃការស្រាវជ្រាវ (Progressive Defense)
៦-ត្រូវបោះពុម្ពអត្ថបទស្រាវជ្រាវ (Workshop and Journal Publication)
៧-ត្រូវសរសេរនិក្ខេបបទឱ្យបានយ៉ាងតិច ៦ម៉ឺនពាក្យឡើងទៅ និងការពារបញ្ចប់ដោយជោគជ័យ
(Final Defense of PhD Dissertation)
៨-ជាចុងក្រោយ ត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវ (Dissertation Publication) របស់ខ្លួន។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញជាប្រធានគណៈអធិបតីក្នុងកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of PhD Dissertation)” របស់សាកលវិទ្យាល័យ
ប៊ែលធី អន្តរជាតិ ។ ទន្ទឹមគ្នានោះ លោកបណ្ឌិត បានកោតសរសើរចំពោះ បេក្ខជនបណ្ឌិត ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវបានចប់រួចរាល់ស្របតាមគោលការណ៍របស់សាកលវិទ្យាល័យ “ទាំងការសិក្សា និងការស្រាវជ្រាវ គឺមិនឱ្យលើសពី៦ឆ្នាំ”។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំទាំងជាតិ-អន្តរជាតិ ដែលបានដឹកនាំកិច្ចការស្រាវជ្រាវនេះតាំងពីដើមរហូតមក និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យគឺ សាស្ត្រាចារ្យណែនាំ ១រូប អាចដឹកនាំបេក្ខជនបណ្ឌិត បានតែ ២រូប ប៉ុណ្ណោះ ។ លោកបណ្ឌិត បានបន្ថែមទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះទទួលបានជោគជ័យ សាកលវិទ្យាល័យ បានអញ្ជើញសាស្រ្តាចារ្យបណ្ឌិតជាតិ-អន្តរជាតិ ចំនួន ៧រូប ជាគណៈកម្មការវាយតម្លៃ ការការពារបញ្ចប់នាពេលនេះ ។

ថ្លែងក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្ស និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសគុណភាព នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដើម្បីឆ្លើយតបនឹង តម្រូវការសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។

លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ ចំពោះនិក្ខេបបទរបស់បេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានអធិប្បាយ យ៉ាងក្បោះក្បាយ ប្រកបដោយភាពត្រឹមត្រូវ និងមានលក្ខណៈបែបវិទ្យាសាស្ត្រ ។ ចំពោះប្រធានបទនៃការស្រាវជ្រាវ គឺមានភាពច្បាស់លាស់ និងជារបកគំហើញថ្មី ដែលនឹងក្លាយជាឯកសារយោង ដ៏មានតម្លៃសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជំនាន់ក្រោយ ហើយក៏ផ្តល់នូវសារៈប្រយោជន៍ ដែលបម្រើដល់សង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូលផងដែរ។

ជាទីបញ្ចប់ លោកបណ្ឌិត បានអបអរសាទរ និងប្រកាសអំពីលទ្ធផល ជាប់ជាផ្លូវការលើការវាយតម្លៃ ការការពារបញ្ចប់ ថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត អ៊ុង បូរាត ព្រមទាំងបានបំពាក់ Graduation Gown ទទួលស្គាល់បណ្ឌិត ដែលបានជាប់ជាស្ថាពរ ចាប់ពីពេលនេះតទៅផងដែរ៕















