ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ ២០០ ភាគរយលើទំនិញស្រា និងស្រាសំប៉ាញរបស់បារាំង
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ ២០០ ភាគរយលើទំនិញស្រា និងស្រាសំប៉ាញរបស់បារាំង ដោយសារចេតនារបស់បារាំង ក្នុងការបដិសេធការអញ្ជើញ ពីមេដឹកនាំអាមេរិក ឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ។
យោងតាមសារព័ត៌មាន Times Of Israel ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដំបូង ដើម្បីត្រួតពិនិត្យការកសាងឡើងវិញ នូវតំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ប៉ុន្តែធម្មនុញ្ញនេះហាក់ដូចជា មិនបានកំណត់តួនាទីរបស់ខ្លួនត្រឹមតែប៉ុណ្ណឹងទេ។
លោក ត្រាំ បាននិយាយដោយសំដៅទៅលើប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ថា “ខ្ញុំនឹងដាក់ពន្ធ ២០០ ភាគរយលើស្រា និងស្រាសំប៉ាញរបស់គាត់ ហើយគាត់នឹងចូលរួម ប៉ុន្តែគាត់មិនចាំបាច់ចូលរួមទេ”។
ប្រភពមួយដែលជិតស្និទ្ធ នឹងលោក ម៉ាក្រុង បានប្រាប់ AFP កាលពីម្សិលមិញថា បារាំង “មិនមានបំណងឆ្លើយតប ដោយពេញចិត្ត” ចំពោះការអញ្ជើញ នេះនោះទេ។ ប្រភពនោះថា ធម្មនុញ្ញរបស់ក្រុមប្រឹក្សា គឺ“ហួសពីក្របខ័ណ្ឌ តែមួយគត់របស់តំបន់ហ្គាហ្សា”៕
ប្រែសម្រួលៈ ណៃ តុលា
