ព័ត៌មានជាតិ

ក្រសួងសាធារណការ ដាក់វិធានការ ចំនួន៣ ដើម្បីបញ្ចៀសការបុកប៉ះ នៅតាមផ្លូវដែក

ភ្នំពេញ ៖ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាព ចរាចរណ៍តាមផ្លូវដែក ក្រសួងធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការចំនួន៣ ។

វិធានការចំនួន៣ នោះ រួមមាន ៖ ទី១- ការដាក់របារ និងការបំពាក់ហេដ្ឋារចនា សម្ព័ន្ធការពារសុវត្ថិភាព ៖ ក្រុមហ៊ុនRoyal railway Cambodia(RRC) បង្កើនការដាក់ឆ្មាំរបារ នៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែម នូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ (តាមការណែនាំរបស់ សម្ដេចធិបតី) ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍ នៅពេលមានរថភ្លើង ធ្វើដំណើរឆ្លងកាត់ ហើយក្រុមហ៊ុន ជាអ្នកទទួលបន្ទុក ផ្ដល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត ។ ក្រុមហ៊ុន RRC និងនាយកដ្ឋានផ្លូវដែក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមគ្នាចុះត្រួតពិនិត្យ វាយតម្លៃឡើងវិញ និង ប្រមូលទិន្នន័យទីតាំងផ្លូវ ប្រសព្ទសំខាន់ៗ ហើយក្រុមហ៊ុន បានបំពាក់របារបន្ថែមដែលទាញដោយមនុស្ស ឬរបារស្វ័យប្រវត្តិ នៅតាមទីតាំងសំខាន់ៗ ដែលមិនទាន់មានរបារ និងផ្លាស់ប្តូរដោយបំពាក់របារវែងជាងមុន សម្រាប់ទីតាំងដែលមានរបារខ្លី។

ទី២៖ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍៖ ក្រុមហ៊ុនRRC បានពិនិត្យឡើងវិញ លើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញា នៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើង អាចមានពេលវេលាស៊ីផ្លេ ផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរ មកដល់ទីតាំង ចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវ ថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលា គ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការភ្លាមៗ ក្នុងការលើកផ្លាកសញ្ញាព្រមាន លើផ្លូវថ្នល់បន្ថែម ឱ្យបានច្រើនជាងមុនអំពីផ្លូវ រថភ្លើងឆ្លងកាត់នៅតាមទីតាំងចំណុចប្រសព្វសំខាន់ៗ ដើម្បីផ្ដល់សញ្ញា និងជូនដំណឹងដល់អ្នកធ្វើដំណើរ តាមដងផ្លូវថ្នល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ទី៣៖ ការអប់រំផ្សព្វផ្សាយ៖ ក្រុមហ៊ុនRRC បានសហការជិតស្និទ្ធជាមួយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជួន ដើម្បីបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាជនទូទៅក្នុងការគោរពផ្លាកសញ្ញាព្រមាន និងបង្កើនការប្រុងប្រយ័ត្ន នៅតាមផ្លូវ ដែលមានរថភ្លើងឆ្លងកាត់ ។ ចំពោះការផ្សព្វផ្សាយនេះ ក្រុមហ៊ុនក៏បានស្នើ សុំការសហការ និងចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអប់រំណែនាំ៕

To Top