ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់សមុទ្រ

ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

ការឯកភាពនេះធ្វើឡើង នៅក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ដែលមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាបានឱ្យដឹងថា ៖ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ(ហៅកាត់ថា UNCLOS) គឺជាឧបករណ៍ គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកល ដែលកំណត់ព្រំដែនសមុទ្រ, សេរីភាពផ្នែក នាវាចរណ៍តាមផ្លូវសមុទ្រ, សិទ្ធិនិងកាតព្វកិច្ច របស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ, សេចក្តីណែនាំនានា សម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ, និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។

អនុសញ្ញានេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់ព្រះរាជាណាចក្រកម្ពុជារួមមាន ៖
-ទទួលបាននូវក្របខ័ណ្ឌច្បាប់ សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ ក្នុងនាមជាប្រទេសជាប់សមុទ្រ
-ទទួលបាន ការការពារតាមច្បាប់សមុទ្រអន្តរជាតិ ដែលទាក់ទងនឹងការគ្រប់គ្រង សមុទ្ររបស់កម្ពុជា ដូចជា ការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើ អាជីវកម្មលើធនធានសមុទ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម
-ពង្រឹងតួនាទីកម្ពុជា លើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហា សមុទ្រជាមួយ បណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោត ជ្រើសរើសសមាសភាពអាជ្ញាធរ បាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការ អន្តរជាតិនីតិសមុទ្រផងដែរ
-ទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរ បច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធនឹងអនុសញ្ញានេះ។

បច្ចុប្បន្ន អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ មានប្រទេសចំនួន១៧១ និង ក្នុងក្របខ័ណ្ឌអាស៊ានមានប្រទេសចំនួន១០ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ នៅតែកម្ពុជា ដែលមិនទាន់ចូលជាភាគីនៅឡើយ។

កម្ពុជាបានចុះហត្ថលេខា លើអនុសញ្ញានេះ កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ ហើយនៅក្នុងអំឡុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចជា គោលការណ៍ឱ្យកម្ពុជារៀបចំនីតិវិធី ដើម្បីផ្តល់សច្ចាប័ន។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧៕

To Top