ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ជំរុញសហគមន៍អន្តរជាតិ ឱ្យបញ្ឈប់ការរំលោភបំពាន របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា

ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ជាបន្ទាន់ និងពេញលេញ នូវអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភបំពានជាបន្តបន្ទាប់ នៃកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងអនុស្សរណៈនយោបាយមួយ ដែលដាក់ជូនដោយហាម៉ាសទៅកាន់អ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងតួកគី ក៏ដូចជាភាគីធានា និងអង្គការអន្តរជាតិ ដែលប្រារព្ធខួប ១០០ ថ្ងៃចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។

យោងតាមអនុស្សរណៈ ក្រុមហាម៉ាស់បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនេះ ដោយពិពណ៌នាវាថា ជាក្របខ័ណ្ឌដែលមានគោលបំណង “បញ្ឈប់ការបង្ហូរឈាម ជាជាងបម្រើជាការបិទបាំងនយោបាយ សម្រាប់ការឈ្លានពានជាបន្តបន្ទាប់ ឬបង្កើតឡើងវិញនូវគោលនយោបាយនៃការប្រល័យពូជសាសន៍”។

ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក ប្រជាជនប៉ាឡេស្ទីនចំនួន ៤៨៣ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា រួមទាំងកុមារចំនួន ១៦៩ នាក់ ស្ត្រីចំនួន ៦៤ នាក់ បុរសស៊ីវិលចំនួន ១៩១ នាក់ និងសមាជិកនៃក្រុមប៉ាឡេស្ទីនចំនួន ៣៩ នាក់ នេះបើយោងតាមអនុស្សរណៈ។ វាបានបន្ថែមថា ៩៦,៣ ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ គឺស្ថិតនៅក្នុងតំបន់ដែលត្រូវបានកំណត់ថា ជាតំបន់ការពារក្រោមកិច្ចព្រមព្រៀងឈប់បាញ់។

អនុស្សរណៈនេះបាននិយាយថា អ៊ីស្រាអែល បានប្រព្រឹត្តការរំលោភបំពាន លើកិច្ចព្រមព្រៀងចំនួន ១.២៩៨ រួមទាំងឧប្បត្តិហេតុបាញ់ ប្រហារដោយផ្ទាល់ចំនួន ៤២៨ ករណី ការឈ្លានពានដោយយានយន្តយោធា ចូលទៅក្នុងតំបន់ឈប់បាញ់ចំនួន ៦៦ ករណី និងការវាយប្រហារតាមអាកាស និងកាំភ្លើងធំចំនួន ៦០៤ ករណីលើតំបន់ស៊ីវិលដែលមានប្រជាជនរស់នៅ។

ក្រុមហាម៉ាស់ ក៏បានចោទប្រកាន់ អ៊ីស្រាអែលពីបទច្របាច់កវិស័យសុខាភិបាលរបស់ហ្គាហ្សាដោយរារាំងការផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារៈកសាងឡើងវិញ សំខាន់ៗ និងពីបទបរាជ័យក្នុងការ អនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ ដែលបានព្រមព្រៀងគ្នា ខណៈពេលដែលកំពុងរៀបចំចំនួន រថយន្តជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា៕

To Top