កម្ពុជាតវ៉ា ប្រឆាំងចំពោះសកម្មភាព របស់កងកម្លាំង ប្រដាប់អាវុធថៃ ក្នុងតំបន់ដែលបានកាន់កាប់
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅថ្ងៃ២១ មករានេះ បានតវ៉ាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាព របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមាន ចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនាថ្ងៃ២១ មករានេះបានឲ្យដឹងថា សកម្មភាពទាំងនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់ អធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមាន៖ ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូប សំណាកបដិមាព្រះវិស្ណុ ដែលត្រូវ បានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ , ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងការសាងសង់លេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន ។
ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវប្រការទាំងអស់ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និង ការជឿជាក់ ព្រមទាំងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ។

កម្ពុជាបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ ប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយ ប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយ៕
