បទវិភាគ ៖ និន្នាការជាមូលដ្ឋាន នៃសេដ្ឋកិច្ចចិន ដែលឆ្ពោះទៅរកភាពល្អប្រសើរ ក្នុងរយៈពេលយូរអង្វែង មិនបានកែប្រែទេ
ពេលថ្មីៗនេះ លោក Kang Yi ប្រធានរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងថា “បើមើលពីពេញមួយឆ្នាំនៃឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការ ជាមូលដ្ឋាន នៃសេដ្ឋកិច្ចចិន ដែលឆ្ពោះទៅរកភាពល្អប្រសើរ ក្នុងរយៈពេលយូរអង្វែង មិនបានកែប្រែទេ និន្នាការជាទូទៅស្តីពីការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិន ក៏មិនបានកែប្រែដែរ ហើយចិនមានមូលដ្ឋាន និងមានលក្ខខណ្ឌក្នុងការរក្សា ឱ្យសេដ្ឋកិច្ចដំណើរការ ទៅរកស្ថិរភាពនិងភាពល្អប្រសើរ” ។

តាមទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៩ ខែមករាបានបង្ហាញថា ទំហំផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ ២០២៥ មានចំនួន ១៤០,១៨៧៩ ទី្រលានយាន់ប្រាក់ចិនដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង បើគិតតាមតម្លៃថេរ បានកើនឡើងចំនួន ៥ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។
បើមើលពីត្រីមាសនីមួយៗអាចឃើញថា ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយ ឆ្នាំនេះបានកើនឡើង ៥,៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២៤ GDP ប្រចាំត្រីមាសទីពីរបានកើនឡើង ៥,២ ភាគរយ GDP ប្រចាំត្រីមាសទីបីបានកើនឡើង ៤,៨ ភាគរយ ហើយ GDP ប្រចាំត្រីមាសទីបួនបានកើនឡើង៤,៥ ភាគរយ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ុតមាំមិនងាករេនូវការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយសេដ្ឋកិច្ចបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដែលឆ្ពោះទៅរកគុណភាពល្អនិងភាពវិជ្ជមាន ។ នៅឆ្នាំ ២០២៥ សមាមាត្រនៃតម្លៃបន្ថែមនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងធំក្នុងតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានឡើងដល់ ១៧,១ ភាគរយ ហើយអត្រារួមចំណែកនៃការចំណាយខាងការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចមានចំនួនលើសពី ៥០ ភាគរយ ។ ទំហំនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង ៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ចំណែកឯការធានាខាងជីវភាពរស់នៅរបស់ប្រជាជនមានភាពខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព ប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅទូទាំងប្រទេសចិនបានកើនឡើង ៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលដើរស្របជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងពេលដំណាលគ្នា ។
នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចចិនបានឆ្ពោះ ទៅរកភាពច្នៃប្រឌិតថ្មីនិងគុណភាពថ្មីក្រោមកម្លាំងសម្ពាធ គោលដៅតាមការរំពឹងទុកសំខាន់ៗ ត្រូវបានសម្រេចដោយគាប់ប្រសើរដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា វាបានចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៦ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនបានបង្ហាញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់នៃ” ការឆ្ពោះទៅរកភាពច្នៃប្រឌិតថ្មី” ។ តាមទិន្នន័យ ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានបង្ហាញឱ្យឃើញថា សន្ទស្សន៍នវានុវត្តន៍ របស់ចិនបានឈរនៅលដាប់ ១០ លេខខាងមុខនៅលើពិភពលោកជាលើកដំបូង ។ ពីការស្វែងរកថ្មីក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋានដល់សមិទ្ធផលថ្មីនៃបច្ចេកវិទ្យាស្នូល ពីការរួមបញ្ចូលយ៉ាងស៊ីជម្រៅ រវាងការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម ដល់ការអនុវត្តជាក់ស្តែង យ៉ាងទូលំទូលាយ នៃសមិទ្ធផលដែលផ្តល់ផលប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ប្រជាជន ដំណឹងល្អស្តីពីសមិទ្ធផល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឈានមុខរបស់ប្រទេសចិនក្នុង វិស័យដូចជា បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាកង់ទិចជាដើមបានស្តាប់ឮជាញឹកញាប់ សមិទ្ធផលនៃការសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រសំខាន់ៗមួយចំនួន បានលេចចេញជាបន្តបន្ទាប់ ហើយកម្លាំងផលិតកម្មគុណភាពថ្មី របស់ប្រទេសចិនទទួលបានការអភិវឌ្ឍ និងវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។
សម្លឹងមើលទៅ កាន់ពិភពលោកទាំងមូល ល្បឿនកំណើន នៃសេដ្ឋកិច្ចចិនបានកាន់លំដាប់ថ្នាក់នាំមុខគេក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ដែលបានក្លាយជាប្រភពកម្លាំងចលករ ដែលមានភាពនឹងនរជាងគេនិងអាចជឿទុកចិត្តជាងគេនៃកំណើនសេដ្ឋកិច្ចសកល ហើយតាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ដូចការចុះផ្សាយរបស់កាសែត «Financial Times»អង់គ្លេសដែលបានលើកឡើងថា “ឆ្នាំ ២០២៦ បានចាប់ដំណើការនូវដំណាក់កាលថ្មី នៃការអនុវត្តផែនការ ៥ ឆ្នាំជុំថ្មីរបស់ប្រទេសចិន ។ សេដ្ឋវិទូព្យាការណ៍ថា រដ្ឋាភិបាលមជ្ឈិមនិងរដ្ឋបាលមូលដ្ឋាន នឹងដាក់ចេញនូវវិធានការពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ឱ្យកំណើន សេដ្ឋកិច្ចមានការចាប់ផ្តើមដ៏នឹងនរនិងរឹងមាំ” ។ លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ ៕
