ព័ត៌មានជាតិ

បង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក នៅចំណុចវិថីឈ្នះ ឈ្នះ ចំនួន ១១.៥តោន គ្មានគុណភាព និងសុវត្ថិភាព

ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន ដែលគ្មានគុណភាព និងសុវត្ថិភាព យកទៅដុតបំផ្លាញចោល។

យោងតាមតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ មករា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ទោ ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ ពិនិត្យរថយន្តមួយគ្រឿង ដែលដឹកសាច់ជ្រូក និងសាច់មាន់បង្កក នៅចំណុចវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា មន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលសាច់ជ្រូក និងសាច់មាន់បង្កក ចំនួន១១.៥តោន គ្មានលិខិតស្នាម និងខូចគុណភាព មកពីខេត្តស្វាយរៀង មកចែកចាយនៅរាជធានីភ្នំពេញ។

ដោយឡែកកម្លាំងជំនាញនូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក.ប.ប. រាជធានីភ្នំពេញ ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី៕

To Top