ព័ត៌មានជាតិ

ក្រសួងវប្បធម៌កម្ពុជា តវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជិតប្រាសាទ

ភ្នំពេញ ៖ ស្របតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ា ចំពោះការរំលោភបំពានរបស់ថៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តប្រកាសតវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានាជិតប្រាសាទ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងវប្បធម៌ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ថា ក្រសួងវប្បធម៌ បានជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា តាំងពីដើមរៀងមក។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រឆាំងជាដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានា ដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបានៃនៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដី ដោយប្រើប្រាស់កម្លាំង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ៕

To Top