ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ គុណភាពខ្យល់នៅកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនមែនបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ

ភ្នំពេញ ៖ កម្ពុជាមិនមែនបំពុលខ្យល់ដល់ប្រទេសណាឡើយ ខណៈវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ត្រូវបានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនៅទូទាំងប្រទេស។ នេះជាការលើកឡើង របស់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ ដោយនាយកដ្ឋានគ្រប់គ្រង គុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរ បរិស្ថានខេត្តពោធិ៍សាត់ ។

default

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ។ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថាន បានចាត់វិធានការបន្តបន្ទាប់ ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។

default

ជាក់ស្តែងក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជា មានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទ ដែលជាខ្យល់អាក្រក់នៅ ក្នុងបរិយាកាសនោះទេ ។ កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយ តាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណប ចំនួន១ ទីតាំង។ លើសពីនេះ ក្រសួងបរិស្ថានមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ ចល័តចំនួន៣គ្រឿងសម្រាប់ចុះត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។

ឧបករណ៍ និងស្ថានីយទាំងអស់ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានគុណភាពល្អ អនុលោមតាមកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ របស់ជាតិ ដែលភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង មានការប្រែប្រួល ពី ១០ µg/m3 ទៅ៣៧ µg/m3 ខណៈស្តង់ដាគុណភាខ្យល់ជាតិត្រូវបានកំណត់ យក ៥០ µg/m3។ លើសពីនេះ កម្ពុជាមិនដែលលាក់ព័ត៌មាន ស្តីពីគុណភាពខ្យល់សាធារណៈនោះទេ៕

To Top