ចិន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីកញ្ចប់សន្តិសុខតាមអ៊ីនធឺណិតរបស់សហភាពអឺរ៉ុប ដែលត្រូវបានគេរាយការណ៍ថា កំពុងកំណត់គោលដៅលើទីក្រុងប៉េកាំង
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកញ្ចប់សន្តិសុខតាមអ៊ីនធឺណិតចុងក្រោយបង្អស់ ដែលដាក់ចេញដោយគណៈកម្មការអឺរ៉ុប ដែលមានគោលបំណងកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងបណ្តាញទូរស័ព្ទចល័ត ដែលអ្នកអត្ថាធិប្បាយមួយចំនួននិយាយថា ផ្តោតលើប្រទេសចិន។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ក្រុមហ៊ុនចិន មិនដែលជាការគំរាមកំហែងសន្តិសុខដល់ប្រទេសអឺរ៉ុបនោះទេ ព្រោះពួកគេបានធ្វើប្រតិបត្តិការស្របច្បាប់នៅអឺរ៉ុប ជាយូរមកហើយ ហើយជាអ្នកផ្តល់សេវាដែលគោរពច្បាប់ និងមានគុណភាពខ្ពស់ សម្រាប់វិស័យទូរគមនាគមន៍ និងឌីជីថលរបស់សហភាពអឺរ៉ុប។
លោកបានលេីកឡេីងថា ការកំណត់ ឬហាមឃាត់ក្រុមហ៊ុនដោយបង្ខំពីទីផ្សារដោយគ្មានភស្តុតាងណាមួយ និងផ្អែកលើស្តង់ដារមិនមែនបច្ចេកទេស “រំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌”។
លោកបានបន្ដថា ទង្វើនៃការការពារនិយមនេះគឺជាឧទាហរណ៍មួយទៀតនៃការបង្វែរកិច្ចសហប្រតិបត្តិការធម្មតាទៅជាបញ្ហានយោបាយ និងសន្តិសុខ ដោយបន្ថែមថា ការប៉ុនប៉ងជ្រៀតជ្រែកដោយបំពាននៅក្នុងទីផ្សារ និងរំលោភលើច្បាប់សេដ្ឋកិច្ចមិនធ្វើឱ្យប្រទេសមួយមានសុវត្ថិភាពជាងនោះទេ ប៉ុន្តែត្រូវចំណាយប្រាក់យ៉ាងច្រើន។
លោកបន្ថែមថា “ការពិតបង្ហាញថា នៅក្នុងប្រទេសមួយចំនួន ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ចិន ដែលមានគុណភាព សុវត្ថិភាព និងស្ថិរភាព មិនត្រឹមតែរារាំងដល់ការរីកចម្រើនផ្នែកឌីជីថល និងអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា
