ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សូមបងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យកុំភ្លេចចូលរួមវេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនាចុងសប្ដាហ៍នេះ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២២ ខែមករា ដើមឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់បងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលរួមក្នុងវេទិកាការងារក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករានេះ ដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដាក់ពាក្យ និងសម្ភាសភ្លាមៗនៅទីតាំងផ្ទាល់។

លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងនាំយកឱកាសការងារដែលមាននៅក្នុងស្រុកចំនួនប្រមាណ ៨ម៉ឺន ៧ពាន់កន្លែងជូនដល់បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ។

លោកបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ វេទិកាការងារនឹងចាប់ផ្ដើមឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង និងនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកថ្ងៃអាទិត្យ ទី២៥ ខែមករា នឹងបន្តរៀបចំឡើងនៅបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងនៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចូលរួមវេទិកានេះនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។

លោកថ្លែងថា៖«សូមបងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចមកចូលរួមវេទិកាការងារទាំង២ខេត្តនាចុងសប្តាហ៍នេះ ដែលមានឱកាសការងារជិត៩ម៉ឺនកន្លែង ក្នុងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងដៃគូពាក់ព័ន្ធដើម្បីបងប្អូនអតីតពលករអាចដាក់ពាក្យ និងសម្ភាសការងារបានភ្លាមៗ នៅទីតាំងវេទិការផ្ទាល់តែម្តង»។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអតីតពលករមកពីប្រទេសថៃងាយស្រួលក្នុងការស្វែងរកការងារធ្វើបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៦នេះ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្ដាខេត្ត ក្រុងចំនួន១៤ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រៃវែង ក្រចេះ និងខេត្តកោះកុង៕

To Top