ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ លុបចោលផែនការពន្ធគយ នៅថ្ងៃទី១​ ខែកុម្ភៈ ដោយលើកឡើង ពីក្របខ័ណ្ឌកិច្ចព្រមព្រៀង Greenland

DAVOS៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា កិច្ចពិភាក្សាជាមួយអគ្គលេខាធិការ អង្គការណាតូ​ លោក Mark Rutte បានបង្កើត “ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង នាពេលអនាគត” ទាក់ទងនឹងកោះ​ Greenland និង តំបន់អាកទិកដ៏ធំទូលាយ ហើយបានប្រកាសថា លោកនឹងមិនបន្ត ជាមួយនឹងពន្ធលើប្រទេសអឺរ៉ុប ចំនួន៨​ ដែលត្រូវបានគ្រោង នឹងចូលជាធរមាននៅថ្ងៃទី១​ ខែកុម្ភៈនោះទេ។

នៅក្នុងការបង្ហោះមួយនៅលើវេទិកា Truth Social របស់លោក លោក ត្រាំ បានឧ្យដឹងថា ក្របខ័ណ្ឌនេះបានកើតចេញពី “កិច្ចប្រជុំដ៏មានផលិតភាពខ្ពស់” ជាមួយលោក Rutte ហើយនឹងក្លាយជា “កិច្ចប្រជុំដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងប្រទេសណាតូទាំងអស់” ប្រសិនបើត្រូវបានបញ្ចប់។

លោក ត្រាំ បានសរសេរថា “ដោយផ្អែកលើការយល់ដឹងនេះ ខ្ញុំនឹងមិនដាក់ពន្ធដែលត្រូវបានគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១​ ខែកុម្ភៈ​ នោះទេ” ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលបានស្នើឡើងនោះទេ។

លោក ត្រាំ ក៏បានឧ្យដឹងផងដែរថា ការពិភាក្សាបន្ថែមទៀតកំពុងដំណើរការលើ “The Golden Dome” ដែលជាប្រព័ន្ធការពារមីស៊ីលពហុស្រទាប់​ ដែលបានស្នើឡើង សម្រាប់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងកោះ​ Greenland ដោយបន្ថែមថា ព័ត៌មានបន្ថែមនឹងត្រូវបានចេញផ្សាយ នៅពេលដែលការចរចាដំណើរការទៅមុខ។

លោកបានបន្ដថា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលក JD Vance រដ្ឋមន្ត្រីការបរទេស លោកMarco Rubio និងបេសកជនពិសេសលោក​ Steve Witkoff នឹងដឹកនាំការចរចា និងរាយការណ៍ដោយផ្ទាល់ទៅលោក៕

To Top