ជនជាតិវៀតណាមសរុប ៧៨នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិវៀតណាមសរុប ៧៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២២ មករា បានបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧៨នាក់ (ស្រី១២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនចំនួន ១៤នាក់ (ស្រី ១នាក់), ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) ចំនួន ៦៤នាក់ (ស្រី១០នាក់), ករណីដឹកជញ្ជូនគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ចំនួន១នាក់ (ភេទប្រុស) និងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គ្មានលិខិតឆ្លងដែនចំនួន ១នាក់ (ភេទស្រី)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ២នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាន នគរបាលខេត្តកំពតចំនួន ៧១នាក់ (ស្រី១១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ២នាក់ (ស្រី១នាក់)៕
