ទណ្ឌិតចំនួន ៣៨នាក់ ត្រូវបានពន្ធនាគារខេត្តត្បូងឃ្មុំស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងវិសាខបូជា ខាងមុខនេះ
ត្បូងឃ្មុំ៖ លោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនអោយក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។

លោកអភិបាលរងខេត្តបន្តថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ក្នុងនោះមាន ៖
១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា
២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
៣/ពិធីបុណ្យវិសាខបូជា
៤/ពិធីបុណ្យឯករាជ្យជាតិ
៥/គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ប្រធានពន្ធនាគារខេត្ត បានអោយដឹងថា អង្គភាពពន្ធនាគារខេត្តត្បូងឃ្មុំ បានជ្រើសយកទណ្ឌិតចំនួន ៣៨នាក់ ស្រី ៣នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសទិវាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៦ សរុបចំនួន ២៤នាក់ ស្រី ០៣នាក់ និងក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៦ សរុបចំនួន ១៤នាក់ផងដែរ៕



ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
