ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកោះ Greenland ណែនាំពលរដ្ឋឧ្យស្តុកទុកសម្ភារៈសង្គ្រោះបន្ទាន់រយៈពេល​ ៥ថ្ងៃក្នុងករណីចាំបាច់

អូស្លូ៖​ រដ្ឋាភិបាលកោះ​ Greenland បានចេញសៀវភៅណែ នាំអំពីការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់​ ដែលណែនាំដល់គ្រួសារឱ្យស្តុក ទុកសម្ភារៈមូលដ្ឋានយ៉ាងហោចណាស់​ ៥ថ្ងៃ រួមទាំងទឹកស្អាត អាហារ និងផលិតផលអនាម័យ ដើម្បីត្រៀម ខ្លួនសម្រាប់វិបត្តិ ដែលអាចកើតមាន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោក Peter Borg រដ្ឋមន្ត្រីក្រសួង រុក្ខាប្រម៉ាញ់ នេសាទ​ កសិកម្ម និងភាពគ្រប់គ្រាន់ដោយខ្លួនឯងរបស់កោះ​ Greenland បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា សៀវភៅណែនាំនេះណែនាំឱ្យមនុស្សម្នាក់ៗ ស្តុកទុកទឹកបីលីត្រក្នុងមួយថ្ងៃ ការផ្គត់ផ្គង់អាហាររយៈពេល​ ៥ថ្ងៃ និងរបស់របរសំខាន់ៗដូចជាក្រដាសបង្គន់ជាដើម។

សៀវភៅណែនាំនេះក៏រាយបញ្ជី “អាវុធបរបាញ់ គ្រាប់រំសេវ និងឧបករណ៍នេសាទ” ក្នុងចំណោមរបស់របរ​ ដែលបានណែនាំ។ លោក Borg បានលេីកឡេីងថា ការណែនាំនេះមិនមានបំណង “បង្កើតភាពអសន្តិសុខ” នោះទេ ប៉ុន្តែផ្ទុយទៅវិញ “ពង្រឹងសន្តិសុខរបស់ប្រជាជន”។

ចលនានេះកើតឡើងចំពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើងជុំវិញកោះ​ Greenland។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការជំរុញ របស់លោក​ សម្រាប់ការទិញយកទឹកដីនេះ ហើយបានគំរាមដាក់ពន្ធលើទំនិញ ពីប្រទេសអឺរ៉ុប ចំនួនប្រាំបី ដែលប្រឆាំងនឹងមហិច្ឆតារបស់លោកក្នុងការគ្រប់គ្រងវា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top