ព័ត៌មានអន្តរជាតិ

សភាអឺរ៉ុប​ ផ្អាកកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងអឺរ៉ុប និងអាមេរិក ដោយសារតែការគំរាមកំហែង ពន្ធគយលើបញ្ហាកោះហ្គ្រីនឡែន

បរទេស៖​ សភាអឺរ៉ុបនៅថ្ងៃពុធនេះ បានសម្រេចចិត្តផ្អាកការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីការគំរាមកំហែងពន្ធគយ របស់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងកោះហ្គ្រីនឡែន។

លោក Bernd Lange ប្រធានគណៈកម្មាធិការ ពាណិជ្ជកម្ម អន្តរជាតិរបស់សភាអឺរ៉ុប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សភានឹងផ្អាកការងារលើសំណើនីតិបញ្ញត្តិពីរ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។

លោក Lange បានលេីកឡេីងថា “ដោយសារការគំរាមកំហែងជាបន្តបន្ទាប់ និងកាន់តែកើនឡើង រួមទាំងការគំរាមកំហែងពន្ធគយ ប្រឆាំងនឹងកោះហ្គ្រីនឡែន និងដាណឺម៉ាក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ យើងគ្មានជម្រើសអ្វីក្រៅពីផ្អាក ការងារលើសំណើនីតិបញ្ញត្តិពីរនោះទេ”។

លោកបានបន្ថែមថា «តាមរយៈការគំរាមកំហែងដល់បូរណភាពទឹកដី និងអធិបតេយ្យភាព របស់រដ្ឋសមាជិកសហភាពអឺរ៉ុប និងដោយការប្រើប្រាស់ពន្ធគយជាឧបករណ៍បង្ខិតបង្ខំ សហរដ្ឋអាមេរិកកំពុងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងភាពអាចព្យាករណ៍បាន នៃទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top