ព័ត៌មានជាតិ

អភិបាលក្រុងស្ទឹងត្រែង ចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខ នៅសង្កាត់សាមគ្គី

ស្ទឹងត្រែង ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក លី មីណា អភិបាល ក្រុងស្ទឹងត្រែង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខផ្ទាល់ដល់គ្រួសារកងទ័ពដែលកំពុងឈរជើងការពារព្រំដែន។

ការចុះសួរសុខទុក្ខនេះ នភភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់គ្រួសារកងទ័ពដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោកអភិបាលក្រុង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

លោកអភិបាលក្រុង បានវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចរបស់កងទ័ពជួរមុខ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ពិសេសការទប់ស្កាត់សកម្មភាពឈ្លានពាននៅតាមព្រំដែន។ លោកអភិបាលក្រុង បានថ្លែងអំណរគុណដល់ក្រុមគ្រួសារដែលបានលះបង់ និងជំរុញកូនចៅឱ្យចូលបំពេញភារកិច្ចបំរើជាតិ។រដ្ឋបាលក្រុង នឹងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីសម្រាលការលំបាកដល់គ្រួសារកងទ័ពជានិច្ច។

ក្រុមគ្រួសារវីរកងទ័ព បានសម្ដែងនូវក្ដីរំភើប រីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមិនបោះបង់ពួកគេចោល និងបានចុះមកផ្ដល់កម្លាំងចិត្តដល់ផ្ទាល់បែបនេះ៕

To Top