ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងប្រកាសដាក់ ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី២២ មករា ក្រសួង បានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់ តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា (កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រ ពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជា ដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប (EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) អង្គការបែរកម្ពុជា (CARE) អង្គការNTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើ ការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។

ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំ ពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំយន្តការ និងក្របខណ្ឌគតិយុត្តមួយចំនួន រួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល, ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨, កម្មវិធីសិក្សា, សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់ នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ក្រសួងបាន ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសា ក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តព្រះវិហារ។

ក្រសួង ក៏បានរៀបចំ និងបកប្រែសៀវភៅ សិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់ អនុវត្តក្នុងកម្មវិធីអប់រំពហុភាសា បន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅសាលារៀនបឋម សិក្សាចំនួន ៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្តរតនគិរី។ ក្រសួង សូមថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ គាំទ្រ និងចូលរួមនិងជំរុញ ឱ្យការអនុវត្តកម្មវិធីអប់រំពហុភាសាទទួលបានលទ្ធផលល្អ ជាពិសេសបានចូលរួមថែរក្សា ភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ ជនជាតិដើមភាគតិចបានល្អប្រសើរ៕

To Top