ក្រុមហាម៉ាសព្រមព្រៀង ក្នុងការបោះបង់ ចោលអាវុធ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី Sky News Arabia បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានយល់ ព្រមប្រគល់អាវុធ របស់ខ្លួនជាថ្នូរនឹងការឆ្លងកាត់ ដោយសេរីចេញពីតំបន់ហ្គាហ្សា សម្រាប់មេដឹកនាំរបស់ខ្លួន និងការផ្លាស់ប្តូរទៅរកសកម្មភាព នយោបាយតែប៉ុណ្ណោះផងដែរ។
ដោយលើកឡើងពីប្រភពប៉ាឡេស្ទីនដែលមិន បញ្ចេញឈ្មោះ បណ្តាញចេញផ្សាយបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហាម៉ាសបានប្រគល់អាវុធ និងផែនទីនៃបណ្តាញផ្លូវរូងក្រោមដីរបស់ខ្លួនទៅឲ្យសហរដ្ឋអាមេរិករួចហើយតាមរយៈ យន្តការដែលមិនទាន់ត្រូវបានគេបង្ហាញ។
ជាថ្នូរនឹងគ្នា សហរដ្ឋអាមេរិក បានផ្តល់ការធានាថា ក្រុមហាម៉ាសនឹងត្រូវបានអនុញ្ញាត ឱ្យបន្តចូលរួមក្នុង នយោបាយនៅ ក្នុងតំបន់ហ្គាហ្សា ហើយថាការិយាល័យ និងមន្ត្រីប៉ូលីសមួយចំនួននឹង ត្រូវបានអនុញ្ញាតឱ្យធ្វើការឱ្យរដ្ឋបាលថ្មី ប្រសិនបើពួកគេឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខអ៊ីស្រាអែល-អាមេរិក។
ប្រភពដដែលបានអះអាងទៀតថា មេដឹកនាំរបស់ក្រុមហាម៉ាស នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្គាហ្សា ដោយសហរដ្ឋអាមេរិកបានធានាពួកគេថា អ៊ីស្រាអែលនឹងមិនកំណត់គោលដៅពួកគេ នៅបរទេសនៅពេលអនាគត។
ទាំងក្រុមហាម៉ាស់ និងសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ។ អ៊ីស្រាអែលមិនបានឆ្លើយតបទេ ប៉ុន្តែប្រភពបាននិយាយថាអ៊ីស្រាអែលមានការកត់សំគាល់យ៉ាងសំខាន់អំពីប្រកាសនេះ ជាពិសេសឃ្លាដែលអនុញ្ញាតឱ្យក្រុម Hamas បន្តសកម្មភាពនយោបាយនៅតំបន់ Gaza៕
ប្រែសម្រួល៖ស៊ុនលី
