ក្រុមហ៊ុនរុស្សី ជាមួយដៃគូវិនិយោគក្នុងស្រុក កំពុងពិនិត្យលទ្ធភាព បង្កើតជើងហោះហើរត្រង់ ពីរុស្សីមករាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុន Lotus Group ជាក្រុមហ៊ុនទេសចរណ៍ អន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តគុណភាព នៅប្រទេសរុស្ស៊ី រួមទាំងដៃគូវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន JFT Jet កំពុងសិក្សាលើលទ្ធភាព បង្កើតជើងហោះហើរត្រង់ ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឱ្យលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមទាំងដៃគូវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ជាអគ្គនាយិកា ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ព្រមទាំងពីសហគមន៍និយាយភាសារុស្សី មកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ អ្នកវិនិយោគិនរុស្សី និងកម្ពុជាទាំងពីររូប បានលើកឡើងអំពីសកម្មភាព របស់ក្រុមហ៊ុនកន្លងមក លើការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេស គឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សី ដែលមានចំនួនកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំង ក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាព រួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនទំាងពីរ បានរៀបចំជាយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ជាពិសេសលើលទ្ធភាពបង្កើតជើងហោះហើរត្រង់ ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា និងស្នើសុំការផ្តល់អនុសាសន៍ និងការគាំទ្រពីរដ្ឋមន្រ្តី នាពេលនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមវិនិយោគិនអន្តរជាតិ បានជម្រាបលោករដ្ឋមន្រ្តី ពីដំណឹងដ៏វិជ្ជមានថា ប្រទេសជាសមាជិក BRICS ដែលជាប្រទេសដែលមានសេដ្ឋកិច្ច ឈានមុខគេលើពិភពលោក នឹងបើក Boxing House នៅកម្ពុជា ដែលពិតជាបង្កើនលំហូរវិនិយោគ ដោយផ្ទាល់ចូលទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោក Vladimir Palancica ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខ្នាតធំ ដែលគ្រោងរៀបចំនៅទីក្រុងម៉ូស្គូ នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការចូលរួម របស់ក្រសួងទេសចរណ៍ ក្នុងពិព័រណ៍ Moscow International Travel and Tourism Exhibition (MITT) នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ លោករដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែម លើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាព ដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍ និយាយភាសារុស្សីមកកាន់កម្ពុជា។

គួរឱ្យដឹងថា ក្រុមហ៊ុន Lotus Group គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តគុណភាព នៅប្រទេសរុស្ស៊ី និងប្រទេសជាច្រើនក្នុងតំបន់អាស៊ី៕ ដោយ៖ ដារាត់| ដើមអម្ពិល

