ព័ត៌មានជាតិ

កម្ពុជា គាំទ្រពេញទំហឹងក្នុងការពង្រឹងតួនាទី និងអាណត្តិ AOT

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា កម្ពុជាផ្តល់ការគាំទ្រពេញទំហឹងក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៣ ខែមករា លោក ប៉ែន បូណា លើកឡើងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ដោយបានគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាបានតម្លាភាព តាមរយៈការផ្ទៀងផ្ទាត់ និងការវាយតម្លៃលើផលប៉ះពាល់ដែលកើតឡើង ដោយសារការវាយប្រហារពីប្រដាប់អាវុធរបស់យោធាថៃ បំពានមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

លោកបន្តថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦ មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) តាមរយៈការសម្របសម្រួលពីក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជាបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពនៅទីតាំងនានាតាមបណ្តាខេត្តជាប់ព្រំដែនដូចជា ៖ ខេត្តពោធិ៍សាត់ , ខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ , ខេត្តព្រះវិហារ និងបាត់ដំបង់។

លោកបញ្ជាក់ថា “ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយយុត្តិធម៌ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងគោរព អនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា ការគាំទ្រនិងផ្តល់សារសំខាន់ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ធ្វើឡើងស្របតាមស្មារតីនៃចំណុចទី១២ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងឯកភាពគ្នាពង្រឹងតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមនេះ ដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន៕

To Top