ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន ណែនាំរដ្ឋបាលខេត្តកណ្តាល ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំឲ្យរដ្ឋបាលខេត្តកណ្តាល ត្រូវបន្តថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើសេចក្តីសុខ របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងថា រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធ ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលបន្ថែមថា ត្រូវបន្តជំរុញលើកទឹកចិត្ត និងបង្កើនការអប់រំ, ណែនាំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត អំពីសារៈសំខាន់នៃការចូលរួមអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមគ្នាបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកបន្តថា ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និង ក្រុង-ស្រុក នៅក្នុងការគ្រប់គ្រង និងការថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍ និងធ្វើការដកពិសោធន៍ ការងារជំនាញឲ្យបានទៀងទាត់ ព្រមទាំងរៀបចំដាក់ចេញ នូវផែនការសកម្មភាព និងវិធានការឲ្យបានច្បាស់លាស់ ។ ជាមួយគ្នានេះ ត្រូវបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទលើ្មសនានា ដូចជា៖ អំពើលួច, ឆក់, ប្លន់, ការឆបោកតាមប្រព័ន្ធអនឡាញ, សកម្មភាពក្មេងទំនើង, ការនេសាទខុសច្បាប់, ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ៕

To Top